នៅព្រឹកថ្ងៃទី១២ សីហា ២០១៧ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបន្ទាប់ពីបានជួបពិភាក្សាការងារទ្វភាគីពិសេសអំពីដំណោះស្រាយកងទ័ពឡាវចូលមកលើទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នានូវលទ្ធផលគួរជាទីមោទនៈ គឺភាគីឡាវ បានយល់ព្រមដកទ័ពចេញអោយផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុងអោយអស់នៅថ្ងៃស្អែកនេះហើយកងទ័ពរបស់កម្ពុជាដែលកំពុងចល័តទៅតំបន់សមរភូមិនោះក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញអោយអស់នៅថ្ងៃនេះ។លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនិងផលប្រយោជន៍ប្រទេសទាំងពីរ៕






