ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ជៀសចរាចរជាបណ្ដោះអាសន្ន ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ស្ពានបេតុងខ្សែរកាបឆ្លងទន្លេសាប នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចទីលានប្រជាធិបតេយ្យ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ស្ពានបេតុងខ្សែរកាបឆ្លងទន្លេសាបខាងលើនេះ នឹងប្រព្រឹត្ដទៅនៅវេលាម៉ោង៧៖៣០នាទី ដោយមានអ្នកចូលរួមចំនួន៥,០០០នាក់ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ដើម្បីឲ្យការប្រារព្ធពីធីខាងលើ ប្រព្រឹត្តទៅដោយរលូត និងរក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសបាននូវការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជៀស និងបិទសកម្មភាពចរាចរជាបណ្ដោះអាសន្ន តាមទីតាំងប្រារព្ធពិធីខាងលើ រហូតដល់កម្មវិធីត្រូវបានបញ្ចប់៕






