រថយន្តដឹកអេតចាយបើកលឿនបុករះចូលសាលាអន្តរជាតិមួយនៅខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យស្លាប់ម្នាក់នឹងខូចខាតម៉ូតូ៣គ្រឿង

165

(ភ្នំពេញ)៖ រថយន្តហ៊ីយ៉ាន់ដាដឹកអេតចាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបុរសអ្នករត់ម៉ូតូឌុបម្នាក់ អូសជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ​ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម បន្ទាប់មករថយន្តនោះ មិនបានឈប់ស្ងៀមឡើយ បានជ្រុលទៅបុកចូលក្នុងសាលាពិភពបញ្ញាអន្តរជាតិ និងបុករះម៉ូតូចំនួន៣គ្រឿងទៀត របស់លោកគ្រូ-អ្នកគ្រូនៅក្នុងសាលានោះបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន និងប្រគល់ឲ្យនគរបាលសាកសួរ និងចាត់ការតាមច្បាប់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាពិភពបញ្ញាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះដែលស្លាប់នោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ គាត់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ចំណែករថយន្តបង្កម៉ាកីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខកណ្ដាល 2A-3757 បើកបរដោយបុរសម្នាក់ឈ្មោះ សន ចន អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយមានដឹកអេតចាយពេញទ្រុងថែមទៀតផងចំណែកម៉ូតូរងគ្រោះបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកបុរសអ្នករត់ម៉ូតូឌុបពេញទំហឹងរួចបានអូសជាង៣០ម៉ែត្រ និងរេចង្កូតជ្រុលបន្តទៅបុកចូលសាលាពិភពបញ្ញាអន្តរជាតិនិងបុករះម៉ូតូចំនួន៣គ្រឿងទៀតដែលជាម៉ូតូរបស់លោកគ្រូ-អ្នកគ្រូបង្រៀននៅទីនោះ បណ្ដាលឲ្យខូចខ្ទេចខ្ទីរថែមទៀតទើបឈប់ស្ងៀម ហើយអ្នកបើកបររថយន្តប្រុងរត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន និងប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់។ប្រភពពីកន្លែងកើតហេតុបានអះអាងថាបុរសអ្នកបើកបររថយន្តបង្កនោះជាមនុស្សមានជម្ងឺឆ្កួតជ្រូកហើយកន្លងមកតែងបានធ្វើការអុកឡុកនៅក្នុងភោជនីយដ្ឋាន វាយបំផ្លាញឥវ៉ាន់គេខ្ទេចខ្ទីរនិងបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ព្រមទាំងសងគេជាបន្តបន្ទាប់រួចមកហើយពេលនេះសង្ស័យថាជម្ងឺរើឡើងពេលកំពុងបើកបរទើបបានជាបង្កគ្រោះថ្នាក់ចរាចរណ៍ធំបែបនេះ៕

Comments

comments