ខេត្តសៀមរាប៖នៅរសៀលថ្ងៃម្សិលមិញ លោកវរៈសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តអមដំណើរដោយអស់លោកស្នងការរងនគរបាលខេត្តរួមទំាងសហការីជាច្រើនអ្នកទៀតបានចុះទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣លានរៀល និងអង្ករចំនួន ១០០គីឡូក្រាមទៅប្រគល់ជូនដល់លោកអនុសេនីយ៍ត្រី ចាន់ សារ៉ា ហៅលន់ អាយុ៤៩ឆ្នាំ ដែលជាមន្រ្តីនគរបាលនៃការិយាល័យនគរបាលការពារ និងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដើម្បីជួយសំរួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកអនុសេនីយ៍ត្រី ចាន់ សារ៉ា ក៍បានសំដែងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងលោកស្នងការនគរបាលខេត្ត តែងតែបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់កងកម្លាំងក្រោមឱវាទនៅពេលជួបប្រទះនូវទុកលំបាកកន្លងមក។ឆ្លៀតក្នុងឱកាសនោះដែរ លោកវរៈសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ជំនួសមុខឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក៍ដូចកងកម្លាំងនគរបាលទាំងអស់ និងក្នុងនាមលោកផ្ទាល់ ចូលរួមរំលែកទុក្ខ មិងសោកស្តាយជាមួយក្រុមគ្រួសារផងដែរ នូវបញ្ហាគ្រោះអគ្គីភ័យដែលបានកើតឡើងកន្លងមកនេះ លោកក៏បានបន្តទៀតថា ឧបទេវហេតុគ្រោះថ្នាក់ដោយសារករណីអគ្គីភ័យនាពេលបច្ចុប្បន្ននេះនៅក្នុងខេត្តរបស់យើងបានកើតឡើងដែលបង្ករដោយសារការទុស្សេខ្សែភ្លើង និងបណ្តាមកពីបញ្ហាផ្សេងៗទៀតផងដែរ។លោកក៏សូមសំណូមពរឲ្យប្រជាពលរដ្ឋយើងទាំងអស់ដែលរស់នៅក្នុងខេត្ត គួរមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការតបណ្តាញអគ្គីសនីឲ្យត្រូវទៅតាមលក្ខណៈបច្ចេកទេស និងត្រូវប្រុងប្រយ័ត្ននូវភ្លើងទៀន ភ្លើងធូប ភ្លើងចង្រ្គាន ប្រេងសាំង ហ្គាស ចរន្តអគ្គីសនី សារធាតុគីមីងាយឆេះ ងាយផ្ទុះជាដើម ដើម្បីការពារនូវគ្រោះមហន្តរាយដោយសារអគ្គីភ័យឲ្យមានសន្តិសុខសុវត្ថិភាពល្អនៅក្នុងខេត្តយើង។






